Skip to main content
From Rights to Vote to Rights to Strike

Op-Ed: From Rights to Vote to Rights to Strike

ចលនាទាមទារសិទ្ធិស្មើគ្នារបស់ស្ត្រី៖ ពីសិទ្ធិបោះឆ្នោតរហូតដល់សិទ្ធិធ្វើកូដកម្ម

Downloads

កាលពី១០០ឆ្នាំមុនសូម្បីតែសិទ្ធិបោះឆ្នោតក៏មិនមាន ថ្ងៃនេះស្ត្រីមានសិទ្ធិពេញលេញចូលរួមក្នុងការបោះឆ្នោតជាសាកល ឬឈរឈ្មោះជាតំណាងរាស្ត្រឬអ្នកដឹកនាំ។ ថ្ងៃនេះបើមានការហាមប្រាមស្ត្រីមិនឱ្យចូលរួមបោះឆ្នោត នោះគឺចម្លែកណាស់ចំពោះភ្នែកមហាជនគ្រប់រូប ហើយនឹងមានការថ្កោលទោសអ្នកដែលរារាំងបំបិទសិទ្ធិស្ត្រី។ យើងមានថ្ងៃនេះ ដោយសារតែចលនាតស៊ូរបស់រៀមច្បងស្ត្រីបានចេញធ្វើកូដកម្មទាមទារ តស៊ូរើបម្រាស់ លះបង់សូម្បីតែជីវិត​ដើម្បីប្រយោជន៍រួមរបស់ស្ត្រីគ្រប់រូប។ ពីមុនពួកគាត់មិនទាន់មានសូម្បីសិទ្ធិប្រមូលផ្តុំ ចងក្រង ឬធ្វើកូដកម្ម តែពួកគាត់នៅតែជួបជុំ ប្រមូលផ្តុំ ចេញធ្វើកូដកម្មមិនថាថ្ងៃមិនថាយប់ ចោលកូនចោលគ្រួសារ ត្រូវបានអាជ្ញាធរដេញចាប់ផផាត់ផភីង រហូតដល់ការឃុំខ្លួន។ ទោះយ៉ាងណាពួកគាត់មិនបញ្ឈប់ នៅបន្តដល់ថ្នាក់កូដកម្មបង្អត់អាហារខ្លួនឯងនៅក្នុងគុកទៀត។ ទាំងអស់នេះគឺដើម្បីទាមទាររកយុត្តិធម៌ ទាមទារឱ្យរដ្ឋាភិបាលផ្តល់នូវសិទ្ធិពេញលេញនិងស្មើគ្នាក្នុងនាមជាមនុស្សដូចគ្នា។​

ចលនានៃការតស៊ូគឺសំខាន់ណាស់។ នៅក្នុងប្រវត្តិសាស្ត្រនៃសង្គមខ្មែរ ក៏តែងបង្រៀនឱ្យមនុស្សមានការតស៊ូដែរ។ យើងមានសុភាសិតជាច្រើន​ដែលថា “ទីណាមានការជិះជាន់ ទីនោះមានការរើបម្រាស់” និង “សាមគ្គីជាកម្លាំង”។ ប្រសិនមានអំពើអយុត្តិធម៌កើតឡើងនៅក្នុងសង្គម ហើយមនុស្សមិនឈឺឆ្អាល ឈរឱបដៃមើល សម្ងំសុខយកតែរួចខ្លួន ឬឆ្លៀតឱកាសដើម្បីចំណេញប្រយោជន៍ផ្ទាល់ខ្លួន លែងគិតពីប្រយោជន៍រួម និងគ្មានមនសិការជាតិ នោះយើងនឹងឃើញមានអំពើអយុត្តិធម៌កើតឡើងកាន់តែខ្លាំងឡើងនៅក្នុងសង្គម ហើយស្ថានភាពសិទ្ធិនៅកម្ពុជាក៏នឹងកាន់តែធ្លាក់ចុះ។ កន្លងមកយកឃើញមានស្ត្រីខ្មែរជាច្រើន បានចេញធ្វើកូដកម្មទាមទារ​ តាំងពីកម្មការនី រហូតដល់កសិករ ស្ត្រីមេផ្ទះដែលបាត់បង់លំនៅស្ថាននិងដីធ្លី។ ការទាមទាររបស់ពួកគាត់កន្លងមក មិនត្រឹមតែដើម្បីរកយុត្តិធម៌ឱ្យខ្លួនឯងប៉ុណ្ណោះទេ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តន៍សិទ្ធិសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនិងអ្នកជំនាន់ក្រោយ។

ករណីបុគ្គលិកណាហ្គាវើលក៏ដូចគ្នាដែរ គោលបំណងនៃការធ្វើកូដកម្មរបស់ពួកគាត់គឺមិនមែនដើម្បីលុយទេ គឺដើម្បីសិទ្ធិ។ ការទាមទារនេះគឺមិនមែនដើម្បីឱ្យក្រុមហ៊ុនផ្តល់សំណងនៅពេលបញ្ឈប់នោះទេ គឺដើម្បីរកយុត្តិធម៌ការពារសិទ្ធិការងាររបស់ខ្លួនកាលដែលក្រុមហ៊ុនបញ្ឈប់ពួកគាត់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងដើម្បីការពារសិទ្ធិសហជីពដែលក្រុមហ៊ុនមានចេតនារំលាយចោល។ ករណីនៃវិវាទការងាររបស់បុគ្គលិកក្រុមណាហ្គាវើលនេះបានសបញ្ជាក់ឲ្យឃើញថាប្រព័ន្ធការពារសិទ្ធិនៅកម្ពុជានៅមានភា​ពទន់ខ្សោយនៅឡើយ ជាពិសេសគឺការពារសិទ្ធិការងាររបស់ស្រ្តី។

នៅសតវត្សទី២១នេះប្រទេសកម្ពុជាមានច្បាប់ពេញលេញដែលទទួលស្គាល់នូវសិទ្ធិរបស់កម្មករនិយោជិតក្នុងការប្រមូលផ្តុំ ចងក្រងបង្កើតជាសហជីព សិទ្ធិសម្តែងចេញនូវមតិយោបល់ និងសិទ្ធិធ្វើកូដកម្ម ប៉ុន្តែពួកគាត់បែរជាទទួលរងនូវការរើសអើងនិងបំបិទសិទ្ធិទៅវិញ។ គ្មានអ្នកណាចង់ខាតពេលមកចេញធ្វើកូដកម្មទេ តែក្នុងករណីមិនមានដំណោះស្រាយប្រកបដោយតម្លាភាព និង យុត្តិធម៌ពី ក្រុមហ៊ុននិងស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋ ទើបរុញឱ្យពួកគាត់ចេញធ្វើកូដកម្មដើម្បីបន្តទាមទាររកយុត្តិធម៌។ សកម្មភាពធ្វើកូដកម្មអហិង្សារបស់ស្ត្រីមិនមានអ្វីប៉ះពាល់ដល់សង្គមខ្មែរទេ ផ្ទុយទៅវិញសកម្មភាពហិង្សានិងគម្រាមគំហែងរបស់អាជ្ញាធរទៅវិញទេដែលបង្ហាញនូវរូបភាពអាក្រក់ បំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងមិនមានការគោរពផ្តល់តម្លៃទៅលើស្ត្រី។

សង្គមកម្ពុជាយើង មានស្ត្រីខ្មែរដែលមានមនសិការគិតគូរពីប្រយោជន៍រួមលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ប្រើប្រាស់នូវសិទ្ធិធ្វើកូដកម្មអហិង្សាដើម្បីទាមទារការពារសិទ្ធិការងាររបស់ខ្លួនក៏ដូចជាកម្មកររាប់ពាន់អ្នកនៅណាហ្គា វាជាគម្រូដល់កម្មករទូទាំងប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍បែបនេះគឺគួរឱ្យស្ញប់ស្ញែងនិងជាមោទនភាព ជាវីរភាពរបស់ស្ត្រីខ្មែរនាពេលបច្ចុប្បន្ន។

សង្គ្រាមអ៊ុយក្រែន និងរូស្ស៊ី ជាវិបត្តិនយោបាយនិងសន្តិសុខរបស់ពិភពលោក ចំណែកករណីវិវាទរវាងបុគ្គលិកណាហ្គា និងថៅកែគឺជារឿងធំនៅកម្ពុជា វាជាចំនុចនៃការវិវឌ្ឍន៍សិទ្ធិស្ត្រីនៅកម្ពុជា ថានឹងបោះជំហានទៅមុខ ឬត្រលប់ក្រោយ។ កម្មករនិយោជិតស្ត្រីខ្មែរបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់និងតស៊ូហើយថានឹងការពារសិទ្ធិនេះឱ្យបានដើម្បីឱ្យស្ត្រីខ្មែរបានបោះជំហានទៅមុខ។ មកដល់ត្រង់នេះ សំណួរដែលត្រូវសួរនោះគឺ តើអាជ្ញាធរនិងក្រសួងជំនាញពាក់ព័ន្ធបានធ្វើអីខ្លះដែលបង្ហាញថាបានគាំទ្រនិងការពារសិទ្ធិកម្មករនិយោជិត និងសហជីព?

ដើម្បីសមភាពយេនឌ័រនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា អាជ្ញាធរនិងស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋគួរទទួលស្គាល់និងគោរពនូវការអនុវត្តសិទ្ធិធ្វើកូដកម្មដោយអហិង្សាបស់ប្រជាពលរដ្ឋ ការពារសិទ្ធិការងារ សិទ្ធិចងក្រងនិងបង្កើតសហជីពរបស់កម្មករនិយោជិត ដែលសុទ្ធតែមាននៅក្នុងច្បាប់ជាតិនិងច្បាប់អន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ។ យើងទាំងអស់គ្នាអ្នកជំនាន់ក្រោយគួររួមគ្នាការពារសិទ្ធិទាំងនេះកុំឱ្យបាត់បង់ ព្រោះថាលុះត្រាតែមានសិទ្ធិទាំងនេះទើបយើងអាចបន្តទាមទាររកដំណោះស្រាយលើបញ្ហាជាច្រើនទៀតដើម្បីឱ្យស្ថានភាពលក្ខខណ្ឌការងាររបស់កម្មរនិយោជិតស្ត្រីមានភាពប្រសើរឡើងជាបន្តបន្ទាប់ទៀត រួមទាំងកិច្ចសន្យាការងារ សិទ្ធិទទួលបាននូវផលប្រយោជន៍មាតុភាព សុខភាព និងការការពាររួចផុតពីអំពើហិង្សានិងការបៀតបៀនផ្លូវភេទនៅក្នុងពិភពការងារ និងអត្ថប្រយោជន៍ជាច្រើនទៀត។ បើសិទ្ធិទាំងនេះត្រូវបានបាត់បង់ នោះស្ថានភាពសិទ្ធិការងាររបស់ស្ត្រី មិនត្រឹមតែមិនប្រសើរឡើង ហើយថែមទាំងត្រូវបានថៅកែក្រុមហ៊ុនបន្តកេងប្រវ័ញ្ចស្ត្រីកាន់តែធ្ងន់ធ្ងរឡើងបញ្ឈប់បុគ្គលិកតាមអំពើចិត្តរបស់ខ្លួនដោយមិនញញើតចំពោះការអនុវត្តច្បាប់ការងារនៅកម្ពុជា។ សេដ្ឋកិច្ចរបស់កម្ពុជាមិនគួររស់តាមរយៈការកេងចំណេញលើស្ត្រីនោះទេ៕

អត្ថបទទស្សនវិភាគនេះ ជាវិភាគទាន និងបទវិភាគ ដោយលោកស្រី អ៊ូ សុភារី។ លោកស្រី អ៊ូ សុភារី ជាអ្នកជំនាញកិច្ចការសមភាពយេនឌ័រ និងអភិវឌ្ឍសង្គម។ លោកស្រីមានបទពិសោធន៍ការងារ ក្នុងកិច្ចការសមភាពយេនឌ័រ និងការសិក្សាអភិវឌ្ឍន៍ជិត២០ឆ្នាំ នៅក្នុងអង្គការសង្គមស៊ីវិលអន្តរជាតិ និងស្ថាប័នសិទ្ធិមនុស្សអាស៊ាន៕