ហេតុអ្វីយើងគួរនាំគ្នា គាំទ្រផលិតផលក្នុងស្រុក?
តើអ្នកមានដឹងទេ? នៅក្នុងមួយឆ្នាំៗ កម្ពុជានាំចូលផលិតផលអាហារកែច្នៃ បន្លែ ផ្លែឈើ ត្រីសាច់ផ្សេងៗ គឺមានតម្លៃមិនក្រោមពី៧ទៅ៨ពាន់លានដុល្លារទេ។ គ្រាន់តែច្រកអន្តរជាតិប៉ោយប៉ែត ដែលជាច្រកជាមួយនឹងប្រទេសថៃ មានការដឹកជញ្ជូននូវផលិតផលមីកញ្ចប់ ក្នុងតម្លៃគិតជាទឹកប្រាក់រហូតដល់ ១០០ លានដុល្លារអាមេរិក។ ទំហំទឹកប្រាក់នេះ នៅមិនទាន់បានបូកបញ្ចូល នៅតាមច្រកទ្វារអន្តរជាតិសំខាន់ៗផ្សេងទៀត ដែលនាំ ចូលទំនិញជាស្បៀងអាហារសំខាន់ៗទៀតផង ដូចជាបន្លែ ត្រី សាច់ គ្រាប់ធញ្ញជាតិ ជាដើម។
បើយើងក្រឡេកមើលតួលេខខាងលើនេះ គឺមិនមែនជាចំនួនតិចនោះទេ។ យ៉ាងណាមិញប្រសិនបើយើងទាំងអស់គ្នាងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក យើងនឹងទទួលបានផលប្រយោជន៍ជាច្រើន។ ចំណុចសំខាន់ទី១ គឺបង្កើតមុខរបរថ្មីដល់អ្នកអាជីវកម្ម ទី២គឺផ្តល់ការងារធ្វើដល់ប្រជាជនផ្តល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់ ទី៣ គឺចំណេញការដឹកជញ្ជូនកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូននិងទី៤គឺផ្តល់ផលចំណេញដល់សេដ្ឋកិច្ចជាតិ ដោយសារតែមានចរន្តសេដ្ឋកិច្ច វិលជុំ។
យើងដឹងថា ការងាកមកគាំទ្រនូវផលិតផលក្នុងស្រុក មិនមែនជារឿងដែលងាយស្រួល ហើយអាចកើតឡើងបានភ្លាមៗនោះទេ នេះក៏ដោយសារតែសមត្ថភាពផលិតនៅក្នុងស្រុកនៅមានកម្រិត នៅឡើយ ហើយការកែច្នៃនៅតែមានចន្លោះដែលត្រូវការវិនិយោគនិងកែកុនបន្ថែម។ ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំមានសុទិដ្ឋិនិយមថា ម្ចាស់អាជីវកម្មឬអ្នកផលិត នឹងខិតខំកែច្នៃផលិតផលរបស់ខ្លួនឲ្យសមស្របតាមតម្រូវការទីផ្សារក្នុងស្រុក ដោយមានទាំងគុណភាព អនាម័យ តម្លៃសមរម្យ និងសេវាកម្មល្អ ដើម្បីទទួលបានការគាំទ្រពីអ្នកប្រើប្រាស់កាន់តែច្រើនពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ការអនុវត្តកសិកម្មតាមគោលការណ៍ក្សេត្របរិស្ថាន គឺជាការធ្វើកសិកម្មដែលជា «មជ្ឈមណ្ឌលនៃការផលិតស្បៀងអាហារ ដែលប្រើប្រាស់នូវសេវាកម្មនិង ផលិតផលរបស់ធម្មជាតិដែលមានជាច្រើន ដោយមិនមានការបំផ្លាញនូវធនធានទាំងនោះ»។ ហើយវា ក៏ជាការផ្សារភ្ជាប់ទៅអេកូឡូស៊ី សេដ្ឋកិច្ចសង្គម និងវប្បធម៌ដើម្បីធ្វើអោយផលិតផលកសិកម្ម សហគមន៍ដែលធ្វើកសិកម្ម និងសុខភាពបរិស្ថានមាននិរន្តរភាព។
ថ្វីត្បិតតែការប្រើប្រាស់សារធាតុគីមី វាអាចនឹងផ្តល់ទិន្នផល និងផលិតផលបានលឿនបន្តិចមែន ប៉ុន្ដែ វាក៏បានផ្តល់ផលប៉ះពាល់អវិជ្ជមានជាច្រើនត្រលប់មកវិញដូចជា៖ ការប៉ះពាល់ដល់សុខភាព បរិស្ថាន សេដ្ឋកិច្ចគ្រួសារ និងសង្គមផងដែរ។
ការថយចុះនូវជីវជាតិដី តាមរយៈការប្រើប្រាស់សារធាតុគីមីលើសកំណត់ បានបំផ្លាញសត្វល្អិតមានប្រយោជន៍ ធ្វើឱ្យដីសឹករិចរិល និងអស់ជីវជាតិ ដែលធ្វើឱ្យផលិតភាព មានការធ្លាក់ចុះ។ ម្យ៉ាងវិញទៀត ការអនុវត្តកសិកម្មតាមគោលការណ៍ក្សេត្របរិស្ថាន ក៏អាចជួយធ្វើអោយប្រសើរឡើងនូវគុណភាព និងជីវជាតិដី តាមរយៈការប្រើប្រាស់ជីកំប៉ុស្តិ៍ ជីស្រស់ ការដាំដំណាំឆ្លាស់ និងដំណាំចម្រុះ ជាពិសេស បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងអធិបតេយ្យភាពស្បៀង (ម្ចាស់សិទ្ធិនៃការផលិត) លើកកម្ពស់ឱ្យមានការផលិត និងទីផ្សារនៅក្នុងស្រុក។ លើសពីនេះទៀត វាថែមទាំងផ្តល់ផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់មិនថា ទាំងសម្រាប់អ្នកផលិត (កសិករ) និងអ្នកប្រើប្រាស់ ហើយវានឹងក្លាយជាកត្តាមួយដ៏សំខាន់ ក្នុងការលុបបំបាត់ការពឹងផ្អែកទាំងស្រុងលើធាតុចូលកសិកម្ម (ជី ថ្នាំពុលថ្នាំសម្លាប់សត្វល្អិត) ជាដើម។
តាមរយៈការចុះអង្កេតផ្ទាល់ និងសិក្សាស្រាវជ្រាវរបស់អង្គការអាក់សិនអេតកម្ពុជានៅតាមបណ្តាសហគមន៍ដែលបាន អនុវត្តសកម្មភាពតាមគោលការណ៍នេះកន្លងមក យើងសង្កេតឃើញថាកសិករ(អ្នកផលិត) មានការផ្លាស់ប្តូរប្រសើរជាងមុនទាំងឥរិយាបថ ចំណេះដឹង និងជីវភាព។ យ៉ាងណាមិញ ការផ្លាស់ប្តូរនេះអាចកើតឡើងបាន ដោយសារតែកសិករ សហគមន៍ មានការយល់ដឹងច្រើនជាងមុនទាក់ទឹងផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់សារធាតុគីមីសម្រាប់ការងារកសិកម្មរបស់ពួកគាត់។ ហេតុនេះហើយ ទើបពួកគាត់បានបង្វែរ ឬព្យាយាមឈប់ប្រើប្រាស់សារធាតុគីមី ដែលនាំចូលមកពីខាងក្រៅ មកប្រើប្រាស់វិញនូវធនធានដែលមានស្រាប់ក្នុងតំបន់ ដែលអាចប្រើប្រាស់ និងកែច្នៃបាន ហើយចំណាយដើមទុនតិចទៀត( ពូជក្នុងស្រុក ការផលិតជីកំប៉ុស្តទឹក និងគោក ជីបំប៉ន និងថ្នាំពុលបណ្តេញសត្វធម្មជាតិ ផលិតចំណីជាដើម)។
តាមពិតអ្វីដែលយើងមិនគួរមើលរំលង ការអនុវត្តកសិកម្មតាមគោលការណ៍ក្សេត្របរិស្ថាន ពិតជាសំខាន់ និងចាំបាច់ក្នុងការរួមចំណែកក្នុងការលើកស្ទួយជីវភាពសហគមន៍ ចរន្តសេដ្ឋកិច្ចសង្គម និងប្រទេសទាំងមូលផងដែរ។ លើសពីនេះទៅទៀត វាបានចូលរួមយ៉ាងសកម្មក្នុង ការការពារបរិស្ថាន(សុវត្ថិភាពទាំងអ្នកផលិត អ្នកប្រើប្រាស់ និងធនធានធម្មជាតិ។ ជាពិសេស លើកស្ទួយសេដ្ឋកិច្ច ថែរក្សាសង្គម-វប្បធម៌ និងរួមចំណែកក្នុងការអនុវត្តនយោបាយរបស់ប្រទេសផងដែរ។
ដូច្នេះហើយ កាលណាប្រជាពលរដ្ឋយើងនាំគ្នាចូលរួមគាំទ្រផលិតផលនៅក្នុងស្រុក មានន័យថា យើងនាំគ្នាចូលរួមគាំទ្រ និងបង្កើតការងារបន្ថែមសម្រាប់ប្រជាជនក្នុងស្រុក គាំទ្រ និងលើកស្ទួយផលិតផលក្នុងស្រុក ជាពិសេសធ្វើអោយប្រជាជនក្នុងតំបន់មានការងារធ្វើច្រើនជាងមុន(កាត់បន្ថយការចំណាកស្រុក) អាចបង្កើនប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកសាងសេដ្ឋកិច្ចប្រទេសជាតិផងដែរ៕
អត្ថបទទស្សនវិភាគនេះ ជាវិភាគទាន និងបទវិភាគ ដោយលោកស្រី យង់ វីរៈសុភមង្គល មន្ដ្រីក្សេត្របរិស្ថាននៃអង្គការអាក់សិនអេតកម្ពុជា៕