Skip to main content
ស្រ្ដីដើរកាន់បដានៅក្នុងទិវាអន្តរជាតិនារី ខួបលើកទី១០៩ កាលពីឆ្នាំ២០២០។ រូបភាពដកស្រង់ចេញពីហ្វេសប៊ុក ActionAid Cambodia

សញ្ញា​បី​ដែល​គួរ​ឱ្យ​បារម្ភ​អំពី​ស្ថាន​ភាព​នៃ​អំ​ពើ​ហិង្សា​លើ​ស្ត្រី​និង​ក្មេង​ស្រី​នៅ​កម្ពុជា​

ពីខែមិថុនា ដល់ខែកក្កដាឆ្នាំ២០២១ អង្គការអាក់សិនអេត បានតាមដានការរាយការណ៍ព័ត៌មានករណីអំពើហិង្សាយេនឌ័រ ដែលរាយការណ៍តាមប្រព័ន្ធអនឡាញ ដោយស្ថាប័នសារព័ត៌មានចំនួន១០។
ក្នុងរយៈពេល២ខែនេះ មានករណីអំពើហិង្សាយេនឌ័រចំនួន៧០ករណីដែលបានរាយការណ៍តាមប្រភពសារព័ត៌មានទាំង១០។ ក្នុងចំណោម៧០ករណី មាន៦៩ករណី ប្រព្រឹត្តដោយបុរស​សរុបចំនួន៧២នាក់ និង១ករណីប្រព្រឹត្តដោយស្រ្តីដែលមានចំនួន១នាក់។
អ្នករងគ្រោះដោយសារអំពើហិង្សាយេនឌ័រទាំង៧០ករណី​ មានស្ត្រីចំនួន៤៨នាក់ ក្មេងស្រីចំនួន២៧នាក់ និងបុរសចំនួន១នាក់។ អំពើហិង្សា៦៩ករណីដែលប្រព្រឹត្តដោយបុរស មាន៥១%ជាអំពើហិង្សាផ្លូវកាយ ៤៥%ជាអំពើហិង្សាផ្លូវភេទ និង​៤%ជាអំពើហិង្សាផ្លូវចិត្ត។

បុរសប្រព្រឹត្តអំពើហិង្សាផ្លូវកាយ    ៣៥ ករណី (៥១%)
អំពើហិង្សាផ្លូវកាយលើដៃគូស្និទ្ធស្នាល    ២៣
អំពើហិង្សាផ្លូវកាយលើបងប្អូន កូន និងម្តាយបង្កើត    ៨
អំពើហិង្សាផ្លូវកាយនៅកន្លែងការងារ    ២
អំពើហិង្សាផ្លូវកាយលើអ្នកដទៃ    ២
បុរសប្រព្រឹត្តអំពើហិង្សាផ្លូវចិត្ត     ៣ (៤%)
គម្រាមសម្លាប់ប្រពន្ធ កូននិងម្តាយបង្កើត    ៣
បុរសប្រព្រឹត្តអំពើហិង្សាផ្លូវភេទ    ៣១ (៤៥%)
រំលោភសេពសន្ទវៈ    ២៣
រំលោភសម្លាប់ឬប៉ុនប៉ងសម្លាប់    ២
រំលោភបូក    ២
បៀតបៀននិងប្រទូសកេរភេទ    ៤
សញ្ញាដែលគួរឱ្យបារម្ភនោះ គឺទី១មានការកើនឡើងនូវរូបភាពនៃអំពើហិង្សាធ្ងន់ធ្ងរលើដៃគូស្និទ្ធស្នាល ដែល៥០%នៃអំពើហិង្សាទៅ​លើ​ដៃគូស្និទ្ធស្នាល ជាអំពើឃាតកម្ម និងប៉ុនប៉ងធ្វើឃាត​។ ទី២ មានការកើនឡើងនូវអំពើហិង្សាយាយីផ្លូវភេទលើកុមារ ដែល​៣​ភាគ​៤ឬ៧៤% នៃអំពើហិង្សានិងការយាយីផ្លូវភេទដែលបានរាយការណ៍ កើតឡើងលើក្មេងស្រី។ ទី៣ អំពើហិង្សាភាគច្រើនកើតឡើងក្នុងគ្រួសារ ដែលជាអំពើហិង្សាផ្លូវកាយលើប្រពន្ធ និងការរំលោភយាយីផ្លូវភេទលើកុមារ ដែលជាកូន ចៅ ឬ ក្មួយ។ សញ្ញាទាំង៣នេះ បង្ហាញថាស្រ្តីនិងក្មេងស្រីមិនមានសុវត្ថិភាពសូម្បីតែនៅក្នុងផ្ទះជាមួយប្តី ឬឳពុក ឬក្រុមគ្រួសាររបស់ខ្លួន។​ នៅក្នុងរបាយការណ៍តាមដានការរាយការណ៍ករណីអំពើហិង្សាតាមរយៈសារព័ត៌មានកាលពីខែមេសានិងឧសភាកន្លងទៅ ក៏បង្ហាញនូវសញ្ញាដ៏គួរឱ្យបារម្ភដូចគ្នានេះដែរ គឺការកើនឡើងនូវឃាតកម្មលើដៃគូស្និទស្នាល ៧ករណី និងករណីរំលោភកូនស្រីខ្លួន៩ករណី។

ករណីភាគច្រើនកើតឡើងនៅភ្នំពេញ និងខេត្តកណ្តាល។ ជាទូទៅការរាយការណ៍ព័ត៌មានមិនសូវបានគ្របដណ្តប់បានពេញលេញនៅតាមបណ្តាខេត្តនៅឡើយទេ នេះមានន័យថាអាចមានករណីអំពើហិង្សាជាច្រើនករណីទៀតដែលបានកើតឡើង តែមិនបានរាយការណ៍នៅក្នុងសារព័ត៌មាន។ មួយវិញទៀតអាចមានករណីអំពើហិង្សាជាច្រើនករណីទៀតដែលជនរងគ្រោះមិនទាន់រាយការណ៍​។ យោងតាមបទពិសោធន៍របស់អង្គការអាក់សិនអេត​ជាមួយអង្គការដៃគូដែលកំពុងអនុវត្តការងារនៅខេត្តពោធិសាត់ ឧត្តរមាន​ជ័យ កំពត កោះកុង និង​កំពង់ធំ ឃើញថាមានករណីរំលោភផ្លូវភេទលើក្មេងស្រីជាបន្តបន្ទាប់ ដែលករណីខ្លះក្មេងស្រីត្រូវបានបង្ខំឱ្យរស់នៅជាមួយអំពើហិង្សាដ៏យង់ឃ្នងនោះរហូតដល់៥ឆ្នាំ ទើបទ្រាំលែងបាន ទម្លាយរឿងនោះចេញមក។

៩១% នៃករណីអំពើហិង្សាដែលបានរាយការណ៍ បង្ហាញថាជនប្រព្រឹត្តត្រូវបានចាប់ខ្លួនដោយស្ថាប័នប៉ូលីស។ ដោយឡែក យន្តការបន្តដែលត្រូវរកយុត្តិធម៌ឱ្យជនរងគ្រោះ និងការផ្តល់សេវាប្រឹក្សានិងព្យាបាលផ្លូវចិត្ត និងការគាំទ្រនានាដល់ជនរងគ្រោះនិងក្រុមគ្រួសារហាក់នៅមិនទាន់មានការយកចិត្តទុកដាក់ពីសំណាក់ស្ថាប័នជំនាញពាក់ព័ន្ធនៅឡើយ។ យន្តការដែលត្រូវកែលម្អនោះគឺ គណមេធាវី ក៏ដូចជាមេធាវីស្ម័គ្រចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី តើត្រូវមានផែនការយ៉ាងណាខ្លះដើម្បីផ្តល់សេវាប្រឹក្សានិងការពារផ្លូវច្បាប់ដល់ជនរងគ្រោះ ជាពិសេសពួកគាត់ដែលមានជីវភាពខ្វះខាត និងនៅតាមភូមិឃុំឆ្ងាយៗ? ស្ត្រីនិងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាគ្រប់រូបភាព ត្រូវការជាចាំបាច់នូវសេវាប្រឹក្សានិងព្យាបាលផ្លូវចិត្ត តើពួកគាត់អាចទៅរកសេវាទាំងនោះនៅទីណាបាន?

នៅក្នុងបរិបទកូវីដ ដែលគ្រប់គ្នាត្រូវរក្សាគម្លាត តើអាជ្ញាធរមូលដ្ឋាន និង​ស្ថាប័នជំនាញមានផែនការយ៉ាងណាខ្លះក្នុងការលើកកម្ពស់ការយល់ដឹងនិងទប់ស្កាត់ការរីករាលដាលនៃអំពើហិង្សាក្នុងគ្រួសារ និងការរំលោភយាយីផ្លូវភេទលើកុមារនៅក្នុងសហគមន៍?​៕

អំពីអ្នកនិពន្ធ៖ អត្ថបទទស្សនវិភាគនេះ ជាវិភាគទាន និងបទវិភាគ ដោយលោកស្រី អ៊ូ សុភារី។ លោកស្រី អ៊ូ សុភារី ជាអ្នកជំនាញកិច្ចការសមភាពយេនឌ័រ និងអភិវឌ្ឍសង្គម។ លោកស្រីមានបទពិសោធន៍ការងារ ក្នុងកិច្ចការសមភាពយេនឌ័រ និងការសិក្សាអភិវឌ្ឍន៍ជិត២០ឆ្នាំ នៅក្នុងអង្គការសង្គមស៊ីវិលអន្តរជាតិ និងស្ថាប័នសិទ្ធិមនុស្សអាស៊ាន៕