របាយការណ៍សង្ខេប៖ សម្ពាធក្រោមថ្នេរសាច់ក្រណាត់
ការបាត់បង់ប្រាក់ឈ្នួលក្នុងវិស័យវាយនភណ្ឌកាត់ដេរកម្ពុជា
ការសិក្សាស្រាវជ្រាវនេះធ្វើការអង្កេត និងប្រមូលទិន្នន័យជាមួយកម្មកររោងចក្រកាត់ដេរចំនួន ៣០៨នាក់ ស្ត្រី ៦៥ភាគរយ ដែលត្រូវបានសម្ភាស ដោយអ្នកចងក្រងរបស់សហព័ន្ធសហជីពកម្ពុជា (CATU) និង សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) ក្នុងកំឡុងខែធ្នូ ឆ្នាំ២០២២ ដល់ ខែមករា ឆ្នាំ២០២៣។ ការសិក្សានេះក៏បានធ្វើការពិភាក្សាក្រុមជាមួយកម្មករដែលសម្ភាស និងតំណាងសហជីពដើម្បីផ្ទៀងផ្ទាត់របកគំហើញសំខាន់ៗនិង ពិគ្រោះយោបល់បន្ថែម សិក្សាលើឯកសារផ្សេងៗ ដូចជា បណ្ណបើកប្រាក់ឈ្នួលចេញដោយរោងចក្រ (factory-issued payslips) ទិន្នន័យ បញ្ជូនទំនិញ និងទិន្នន័យនាំចេញ ព្រមទាំងឯកសារពាក់ព័ន្ធ និងឯកសារដែលមានស្រាប់មួយចំនួនទៀត។ ការសិក្សាស្រាវជ្រាវ បានរកឃើញលទ្ធផលសំខាន់ៗចំនួនបី គឺ ប្រាក់ឈ្នួលប្រចាំខែធ្លាក់ចុះ ប្រព័ន្ធដែលពឹងផ្អែកលើការងារថែមម៉ោង និង ការកើនឡើងនៃបំណុល។
របកគំហើញទី១៖ ប្រាក់ឈ្នួលប្រចាំខែធ្លាក់ចុះ
យ៉ាងហោចណាស់កម្មករសម្ភាស ២៥ភាគរយ រាយការណ៍ថាប្រាក់ឈ្នួលទទួលបានប្រចាំខែដោយមិនគិតបញ្ចូលប្រាក់ថែមម៉ោងមានការថយចុះចាប់តាំងពីឆ្នាំ២០២០ ។ ថ្វីបើប្រាក់ឈ្នួលអប្បបរមាមានការកើនឡើងចំនួន ១០ដុល្លារ នៅក្នុងចន្លោះ ឆ្នាំ២០២០ ដល់ ឆ្នាំ២០២៣ កម្មករសម្ភាស ភាគច្រើន បានបញ្ជាក់ថា បច្ចុប្បន្នពួកគេទទួលប្រាក់ឈ្នួលបានតិចជាងកាលពីឆ្នាំ២០២០ មុនពេលវិបត្តិជម្ងឺកូវីដ ១៩។
របកគំហើញទី២៖ ប្រព័ន្ធដែលពឹងផ្អែកការងារថែម
សម្រាប់កម្មករសម្ភាស ប្រាក់ថែមម៉ោងមានការថយចុះជាង ៦០ភាគរយ ក្នុងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ កម្មករដែលធ្លាប់រកប្រាក់បានជាមធ្យម ៣៦ដុល្លារអាមេរិក តាមរយៈការងារថែមម៉ោង មុនពេលជំងឺកូវីដ ១៩ គឺអាចរកប្រាក់បានត្រឹមតែ ១២ដុល្លារអាមេរិកក្នុងមួយខែ ក្នុងឆ្នាំ២០២៣ ។ នៅក្នុងប្រទេសមួយដែលកម្មករកាត់ដេរត្រូវពឹងផ្អែកលើការងារថែមម៉ោងដើម្បីបំពេញបន្ថែមលើប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនកម្មករគឺចាំបាច់ត្រូវកាត់បន្ថយបរិមាណអាហារបរិភោគប្រចាំថ្ងៃ និងថ្លៃចំណាយសម្រាប់ការអប់រំកូនៗរបស់ខ្លួន។
របកគំហើញទី៣៖ ការកើនឡើងនៃបំណុល
កម្មករសម្ភាស ៩១ភាគរយ រាយការណ៍ថា ពួកគេជំពាក់បំណុលយ៉ាងហោចណាស់ចំនួនមួយនៅពេលបច្ចុប្បន្ន និង ៧០ភាគរយ លើកឡើងថា ការរាតត្បាតជំងឺកូវីដ គឺជាមូលហេតុមួយដែលធ្វើឱ្យបំណុលកើនឡើង។ នៅពេលថ្លៃចំណាយ រស់នៅកើនឡើង កម្មករបានទៅរកប្រាក់កម្ចីដែលមានអត្រាការប្រាក់ខ្ពស់រហូតដល់២០ភាគរយ ហើយកម្មករមួយចំនួនបានបញ្ជាក់ពីនិន្នាកាថ្មីមួយដែលគួរឱ្យព្រួយបារម្ភ គឺការខ្ចីប្រាក់ពីប្រធានក្រុមនៅក្នុងរោងចក្រ។